នៅក្នុងញត្តិដាក់ជូនលោក ស៊ូប៊ែឌី បានលើកឡើងថា មានប្រជាពលរដ្ឋចំនួន ១១៧ គ្រួសារ ដែលមិនព្រមចាក់ចេញពីតំបន់បុរីកីឡា បន្ទាប់ពីមានការឈូសឆាយផ្ទះសម្បែង និងបំផ្លាញទ្រព្យសម្បត្តិខ្ទិចខ្ទីគ្មានសល់ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២។ ក្នុងចំណោមពួកគាត់ មាន ១១ គ្រួសារនៅក្រោមជណ្ដើរ ២៥គ្រួសារ រស់នៅតាមរបង និងធ្វើខ្ទមនៅលើគំនរសំរាម ៣២គ្រួសារដេកតាមសំយ៉ាបផ្សារ និងមានមួយចំនួនទៀតរស់នៅជាមួយបងប្អូន និងជួលផ្ទះគេនៅក្បែរតំបន់បុរីកីឡា ការរស់របស់ពួកគាត់ជួបការលំបាកខ្លាំងឡើងៗ មិនមានទឹកប្រើប្រាស់ មិនមានភ្លើង រុយរោម និងខ្លិនស្អុយពិបាករស់នៅណាស់។
នៅក្នុង ញត្តិដដែលនោះ បានលើកឡើងទៀតថា ដើម្បីការពារសិទ្ធិ ពួកគាត់បានធ្វើការតវ៉ា និងធ្វើបាតុកម្មជាច្រើនលើក។ ការតវ៉ារបស់ពួកគាត់ ត្រូវក្រុមអាជ្ញាធររដ្ឋាភិបាល វាយបង្ក្រាបយ៉ាងឃោរឃៅ ចាប់ដាក់គុក និងលើសពីនេះ ក្រុមអាជ្ញាធរចាត់ទុកពួកគាត់ថា ជាមនុស្សវិលកលចរិក និងជាជនអនាថា ហើយចាប់ពួកគាត់ទាំងក្មេងទាំងចាស់ទៅឃុំខ្លួននៅមណ្ឌលសង្គមកិច្ច ព្រៃស្ពឺ។ ប៉ុន្តែពួកគាត់នៅបន្តការទាមទារតវ៉ា ឲ្យបានផ្ទះសម្បែងមកវិញ។
ញត្តិដដែលរបស់ប្រជាពលរដ្ឋបុរី កីឡា បានបន្ថែមថា ការតស៊ូរបស់ពួកគាត់មានចូលរួម និងគាំទ្រជាច្រើនពីអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ពីសហគមន៍រងគ្រោះដោយការបណ្ដេញចេញទាំងបង្ខំ ផ្សេងទៀត និងក្រុមសហជីពកម្មករផងដែរ។
ញត្តិដាក់ជូនលោក ស៊ូប៊ែឌី បានលើកឡើងថា នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១២ ខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រី បានចេញលិខិតមួយចុះលេខ៦១៤\០១១ ផ្ញើឲ្យសាលារាជធានីភ្នំពេញ ក្នុងន័យឲ្យលោកអភិបាលដោះស្រាយបញ្ហាអ្នកបុរីកីឡា និងអ្នកបឹងកក់ផងដែរ។ លិខិតនេះ គឺជាក្ដីសង្ឃឹមមួយក្នុងការបញ្ចប់បញ្ហា ប៉ុន្តែពួកគាត់សុំឲ្យលោករាយការណ៍ពិសេសជួយជំរុញបន្ថែមទៀត ដើម្បីឲ្យរដ្ឋាភិបាលកម្ពុជា ដោះស្រាយជម្លោះដីធ្លីនេះឲ្យបានឆាប់។
មិនទាន់មានការឆ្លើយតបបែបណាពីលោកស៊ូប៊ែឌី ដែលកំពុងបំពេញដំណើរទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី៤ឧសភា ដល់ថ្ងៃទី១១ ឧសភា ឆ្នាំ២០១២ នៅឡើយទេ។ លោកស៊ូប៊ែឌី មកកម្ពុជាលើកនេះ ផ្តោតសំខាន់លើសម្បទានដី នៅកម្ពុជា ពិសេសលើសម្បទានដីសេដ្ឋកិច្ច ខណៈដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបតែចេញបទបញ្ជា សម្រេចផ្អាកផ្តល់សម្បទានដីសេដ្ឋកិច្ច និងពិនិត្យដកហូតដីសម្បទាន ពីក្រុមហ៊ុនណា ដែលអនុវត្តខុសគោលការណ៍ កាលពីថ្ងៃទី៧ឧសភា ឆ្នាំ២០១២៕
0 comments To "តំណាងពលរដ្ឋបុរីកីឡា យកញត្តិដាក់ជូនលោក សុរិយា ស៊ូប៊ែឌី ជួយជំរុញរដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លីដល់ពួកគាត់"
Post a Comment